(ទីក្រុងប៉ារីស)៖ បន្ទាប់ពីប្រទេសចិនបានចេញមុខការពារលោក ហ៊ុន សែន ខណៈដែលប្រទេសលោកខាងលិចបានថ្កោលទោសចំណាត់ការដ៏អាក្រក់នៃរដ្ឋាភិបាលលោក ហ៊ុន សែន នោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា លោក ហ៊ុន សែន នឹងមានវាសនាដូច ប៉ុល ពត។
លោក សម រង្ស៊ី បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ “កាលពីសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) ប៉ុល ពត បានទៅអែបថ្នាក់ដឹកនាំចិន ដើម្បីឲ្យប្រទេសចិនជួយការពាររបបព្រៃផ្សៃរបស់គាត់ ដែលគេស្អប់ខ្ពើមទូទាំងពិភពលោក។ តែនៅទីបញ្ចប់ ពេលចិនឈប់ត្រូវការ ប៉ុល ពត ដោយសារតែស្ថានការណ៍ក្នុងពិភពលោកមានការប្រែប្រួល ចិនក៏ទាត់ ប៉ុល ពត ចោល។ ពេលនេះ ហ៊ុន សែន កំពុងតែអែបថ្នាក់ដឹកនាំចិន ដើម្បីឲ្យប្រទេសចិនជួយការពាររបបព្រៃផ្សៃរបស់គាត់ ដែលគេស្អប់ខ្ពើមទូទាំងពិភពលោក ពីព្រោះវាកាន់តែដូចរបប ប៉ុល ពត។ តែនៅទីបញ្ចប់ ពេលចិន ឈប់ត្រូវការ ហ៊ុន សែន ដោយសារតែស្ថានការណ៍ក្នុងពិភពលោកមានការប្រែប្រួលម្តងទៀត ចិនក៏នឹងទាត់ ហ៊ុន សែន ចោល ដូចចិនបានទាត់ ប៉ុល ពត ចោល អញ្ចឹងដែរ។”
លោក សម រង្ស៊ី បានបន្តថា “ការប្រឆាំងអាមេរិក ដូចកាលពីសម័យសង្គ្រាមត្រជាក់ (មុនឆ្នាំ ១៩៩១) ដែល ហ៊ុន សែន កំពុងតែសម្តែង នៅពេលនេះ គ្រាន់តែជាល្បិចមួយដ៏ថោកទាប ដើម្បីបំពេញចិត្តប្រទេសចិន។”
សូមគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ គឺកំពុងតែវិវត្តទៅរករបបផ្ដាច់ការមួយ បន្ទាប់ពីរដ្ឋាភិបាលនេះ បានសម្រេចចាប់ខ្លួន លោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងតែមួយគត់ក្នុងរដ្ឋសភា តាមរយៈការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបញ្ឈប់សកម្មភាពអង្គការឃ្លាំមើលការបោះឆ្នោត វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ការបិទការផ្សាយរបស់សារព័ត៌មានឯករាជ្យ The Cambodia Daily និងបានបិទការផ្សាយរបស់ស្ងានីយវិទ្យុឯករាជ្យមួួយចំនួនទៀតនៅកម្ពុជា។ ភ្លាមៗនោះដែរ ប្រទេសដែលកំពុងទទួលបានផលប្រយោជន៍ពីកម្ពុជា មានចិន វៀតណាម និងថៃ បានប្រកាសគាំទ្រចំណាត់ការដ៏អាក្រក់នេះ ចំណែកឯប្រទេសលោកខាងលិច រួមមានសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប និងប្រទេសជាច្រើនទៀតបានប្រកាសថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ជាខ្លាំង។
គួររម្លឹកផងដែរថា នាពេលថ្មីៗនេះ លោក សម រង្ស៊ី បានសម្រេចបង្កើត “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។ លោកបានបញ្ជាក់ថា ដោយសារតែលោក ឈប់ជាសមាជិកគណបក្សនយោបាយណាមួយហើយ និងឈប់មានតួនាទី ឬមុខងារនយោបាយអ្វីឡើយ លោកមានសេរីភាពពេញលេញ នៅពេលនេះ ដោយគ្មានចំណងជាមួយគណបក្សណា ឬក្រុមនយោបាយណាមួយឡើយ។ ប៉ុន្តែ ដោយសារតែលោក សម រង្ស៊ី នៅតែមានបំណងចង់ជួយ និងចង់បម្រើប្រទេសកម្ពុជា ដែលជាមាតុភូមិជាទីស្នេហារបស់លោក លោកយល់ឃើញថា កាតព្វកិច្ចរបស់លោក នៅពេលនេះ គឺយកសេរីភាព និងឯករាជ្យភាព ដែលខ្ញុំទើបតែទទួលបាន មកប្រើប្រាស់ ដើម្បីបង្រួបបង្រួមជនជាតិខ្មែរទាំងអស់ ក្នុងគោលបំណង សម្រេចឯកភាពជាតិ ដោយមានលទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន៕
Comments
Post a Comment