(ទីក្រុងប៉ារីស) ៖ គណបក្សសង្គ្រោះជាតិ មានកិត្តិយសសូមជម្រាបសាធរណៈមតិជាតិ-អន្តរជាតិ មេត្តាជ្រាបថា សាលាឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីដេញដោលលើបណ្ដឹងរបស់ក្រុមមេធាវីការពារក្ដីរបស់ឯកឧត្ដម កឹម សុខា ប្រឆាំងនឹងដីការសម្រេចឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជថានីភ្នំពេញ។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ លេខៈ ៨៣៣ លស ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ផ្ញើជូនអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ដោយបានលើកហេតុផលអំពីការព្រួយបារម្ភ ចំពោះសន្តិសុខ សុវត្ថិភាពក្នុងពេលដឹកជញ្ជូន និងក្នុងពេលមានវត្តមាននៅសាលាឧទ្ធរណ៍ ដែលហេតុផលនេះត្រូវបានយកជាលេស ក្នុងការធ្វើសវនាការដោយគ្មានវត្តមានឯកឧត្ដម កឹម សុខា។ ប៉ុន្តែតាមការបញ្ជាក់របស់ក្រុមមេធាវីការពារ បានឲ្យដឹងថា ឯកឧត្ដម កឹម សុខា មានបំណងយ៉ាងមុតមាំចូលរួមនៅក្នុងសវនាការខាងលើនេះ ស្របតាមនីតិវិធីដែលបានកំណត់។
គណបក្សសង្គ្រោះជាតិ មើលឃើញថា ការចាប់ខ្លួន និងឃុំខ្លួនឯកឧត្ដម កឹម សុខា ដែលជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ជាទង្វើខុសច្បាប់ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ ហើយការណ៍ដែលមិនអនុញ្ញាតិឲ្យឯកឧត្ដម កឹម សុខា ចូលរួមសវនាការនឹងធ្វើឲ្យលទ្ធផលនៃការជំនុំជម្រះមិនត្រឹមត្រូវតាមច្បាប់ផងទៀត។
អាស្រ័យហេតុនេះ គណបក្សសង្គ្រោះជាតិ សូមស្នើដល់សាលាឧទ្ធរណ៍គោរពតាមនីតិវិធីជាធរមានដើម្បីធានា និងការពារសិទ្ធិរបស់ឯកឧត្ដម កឹម សុខា ក្នុងការទទួលបានយុត្តិធម៌និងស្នើសុំអគ្គនាយកដ្ឋានពន្ធនាគារបញ្ជូនឯកឧត្ដម កឹម សុខា មកកាន់សវនាការ តាមកាលបរិច្ឆេទខាងលើ។
ជាមួយគ្នានេះដែរ គណបក្សសង្គ្រោះជាតិ មានកិត្តិយសសូមជម្រាបសាធារណជន និងបណ្ដាញផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សនឹងរៀបចំសន្នសិទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយនៅកម្ពុជា” នៅថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ៈ៣០នាទីព្រឹក នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌុមានជ័យ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមបណ្ដាញផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមតាមការគួរ៕
ប្រភព៖ nyobeaykhmer.dailythainews24h.com
Comments
Post a Comment