(ប៉ារីស) ៖ លោក ឆាំ ឆានី សកម្មជនគណបក្សប្រឆាំងមួយរូបដែលកំពុងរស់នៅនិរទេស បានបកស្រាយរឿង «អាចាស់ថ្លៃ អាថ្មីថោក» ដោយសំដៅចំពោះ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ៊្វុនស៊ីនប៉ិច និងលោក ពេជ្យ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចេញមុខប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។
លោក ឆាំ ឆានី បានលើកឡើងពីតម្លៃខ្លួន បុគ្គលទាំងពីររូប ដែលបានធ្វើកិច្ចការជូនរដ្ឋាភិបាលនាពេលថ្មីៗនេះ។ លោកថា ទ្រង់រណឬទ្ធិ ទទួលបាន១លានដុល្លារ តែត្រូវចែកចាយគ្នាច្រើន ចំណែកឯ លោក ពេជ្រ ស្រស់ ទទួលបាន២០ (ម្ភៃ) ម៉ឺនដុល្លារ តែមិនចាំបាច់ចែកចាយអ្នកផ្សេងទេ ព្រោះគណបក្សយុវជន មានតែ ពេជ្រ ស្រស់ ម្នាក់ឯង។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដ៏ពេញនិយម លោក ឆាំ ឆានី បានរៀបរាប់យ៉ាងដូច្នេះថា៖ “ទ្រង់រណឬទ្ធិ ត្រូវបាន ហ៊ុន សែន ទិញក្បាលក្នុងតម្លៃមួយលានដុល្លារ ។ ប្រភពបង្ហើបថា លុយមួយលានដុល្លារនេះ ទ្រង់រណរិទ្ធ កំពុងអនុវត្តន៍តាមមាគ៌ាចាស់គឺ ស៊ីដាច់ពីពួកអាម៉ីអាថោងដែលតោងតែតាមទ្របាទា កូណាសេស កូណាសេស កូណាសេស ដូចដែលទ្រង់ស៊ីដាច់នាពេលកន្លងមកទៀតហើយ តែម្តងនេះ ទ្រង់រណឬទ្ធិ ប្រហែលជាមិនងាយស្រួលលេបដូចមុនទេ ព្រោះអាម៉ីអាថោងតោងទាមទារចែកលុយច្រើន ហើយពួកគេក៏លែងខ្លាចទ្រង់ដូចមុនដែរ ។
ចំណែក ពេជ្រ ស្រស់ បានទទួលចំនួន ២០ម៉ឺនដុល្លារ តែមិនមានអ្នកតាមទារចែកលុយទេ ព្រោះបក្សនេះមានតែ ពេជ្រ ស្រស់ ម្នាក់ឯង។”
សូមជំរាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។
នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕
ប្រភព៖ cambodiasymbolofchange.com
Comments
Post a Comment