កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រគល់សិទ្ធិតំណាងដោយអាណត្តិឲ្យមេធាវីចំនួន៥នាក់បម្រើការងារនៅការិយាល័យក្រុមហ៊ុនមេធាវីកម្ពុជាធ្វើជាមេធាវីតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃក្នុងការធ្វើពាក្យបណ្តឹង និងចុះហត្ថលេខាលើពាក្យប្តឹងរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ទៅតុលាការកំពូល រួមមាន ៖ ១-ឯកឧត្តមមេធាវី គី តិច អត្តលេខ១៥៦ មេធាវីរាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីមានឋានៈស្មើរដ្ឋមន្ត្រី, ២-ឯកឧត្តមមេធាវី លី ច័ន្ទតុលា អត្តលេខ៥៨១ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីមានឋានៈស្មើអនុរដ្ឋលេខាធិការ, ៣-ឯកឧត្តមមេធាវី គង់ ទីលីន អត្តលេខ៤៤៧ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង មានឋានៈស្មើអនុរដ្ឋលេខាធិការ និងជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ អត្តលេខ៥៤៦៩៤ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ៤-លោកមេធាវី សាន់ ជួយ អត្តលេខ២៩៩ និងលោកមេធាវី ចេង ប៉េងហាប់ អត្តលេខ៥៤២ ។
មានប្រការគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃសប្រគល់សិទ្ធិតំណាងដោយអាណត្តិឲ្យមេធាវីទាំង៥នាក់លើការធ្វើពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិនេះ គឺ ៖
១-ការប្តឹងរំលាយគណបក្សនយោបាយទៅតុលាការកំពូល គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃក៏មានមេធាវីប្រចាំក្រសួងដែរ ជាអាទិ៍ ៖ ឯកឧត្តមមេធាវី តែ ចំណាន អត្តលេខ០៩៣, ឯកឧត្តមមេធាវី ឆេង ផាត់ អត្តលេខ៥៤៨ និងឯកឧត្តមមេធាវី ម៉ារ សំបូរណា អត្តលេខ៨២០ មានឋានៈស្មើអនុរដ្ឋលេខាធិការ (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៦/២៨២ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦) ប៉ុន្តែជាក់ស្តែងកាលប្រគល់សិទ្ធិតំណាងដោយអាណត្តិឲ្យមេធាវីចំនួន៥នាក់ លើការធ្វើពាក្យប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សសង្គ្រោះជាតិនោះ បែរជាក្រសួងមហាផ្ទៃមិនប្រគល់សិទ្ធិឲ្យមេធាវីប្រចាំក្រសួងរបស់ខ្លួនទៅវិញ (ឬក៏មើលរំលង ឬក៏មេធាវីប្រចាំក្រសួងរបស់ខ្លួនមានសមត្ថភាពអន់ថយ ? ) ។
២-ក្នុងចំណោមមេធាវីទាំង៥នាក់ ដែលជាមេធាវីតំណាងដោយអាណត្តិឲ្យក្រសួងមហាផ្ទៃក្នុងការប្តឹងរំលាយគណបក្សសង្គ្រោះជាតិទៅតុលាការកំពូលនោះ គឺមានឯកឧត្តមមេធាវី គង់ ទីលីន ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង មានឋានៈស្មើអនុរដ្ឋលេខាធិការផង និងជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ អត្តលេខ៥៤៦៩៤ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ផង ។ មានន័យថា ឯកឧត្តមមេធាវីផ្កាយ២ប៉ូលិស គង់ ទីលីន គឺជាប៉ូលិសពាក់ផ្កាយ២ប៉ុន្តែអាចធ្វើជាមេធាវីប្រកបវិជ្ជាជីវៈពេញទំហឹងតែម្តង ។
លោក គង់ ទីលីន អាយុ៣៥ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៤៤៧ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៦ និងបានក្លាយជាមេធាវីពេញសិទ្ធិនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧ ។
លោកមេធាវី គង់ ទីលីន ដែលមានសែស្រឡាយអ្នកធំនៅក្រសួងមហាផ្ទៃ ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង (អតីតឯកឧត្តម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ (មិនយកប្រាក់បៀវត្សរ៍) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៤៧ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ពោលគឺមានឋានៈ និងងារជា «ឯកឧត្តមមេធាវី» ។
រយៈពេលប្រមាណ១ឆ្នាំក្រោយមក ឯកឧត្តមមេធាវី គង់ ទីលីន ក៏ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ៥៤៦៩៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៧៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ។
ប្រមាណជិត២ឆ្នាំក្រោយមកទៀត ឯកឧត្តមមេធាវីផ្កាយ១ប៉ូលិស គង់ ទីលីន ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៣៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបម្រើវិស័យយុត្តិធម៌ និងប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវីដូចមានចែងក្នុងមាត្រា១នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនោះ មានការធ្លាក់ថមថយចុះយ៉ាងខ្លាំង ដោយសារភាពច្របូកច្របល់នៃការប្រកបវិជ្ជាជីវៈមេធាវីផង និងភាពរើសអើងនៃការបំពេញការងារនៅក្នុងសង្គមឡូកឡំជាមួយគណបក្សនយោបាយផង ៕
ប្រភព៖ ដើមត្នោត(dtn7.com)
Comments
Post a Comment