គណបក្សយុវជនកម្ពុជាដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន គឺមានការជួយជ្រោមជ្រែងពីលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ William Guang ដែលជាផេកមួយត្រូវបានអ្នកនិយមលេងហ្វេសប៊ុកមើលឃើញថាមានការគាំទ្រច្រើននៅពេលឈ្មោះ Willam Guang បញ្ចេញទស្សនៈ យោបល់ ឬ សរសេរបង្ហាញពីចំណេះដឹងទូទៅមួយចំនួន ពិសេសពាក់ព័ន្ឋនឹងនយោបាយនិងសង្គមខ្មែរ ។
គណនីហ្វេសប៊ុកឈ្មោះ William Guang បានសរសេរបង្ហោះនៅថ្ងៃទី០១ ខែតុលានេះដោយបញ្ជាក់យ៉ាងដូច្នេះថា«យកពាក្យខ្ញុំយកទៅប្រាប់ ប្អូន ពេជ្រ ស្រស់ ខ្ញុំអត់ចេះលាបពណ៌ទេ តែកាលប្អូនពេជ្រស្រស់ បង្កេីតបក្សគឺក្រោមការជ្រោមជ្រែងរបស់ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជន ការបង្កេីតបក្សរបស់គាត់ក្រោមការប្រជុំគ្នានៅហាង Le Coffee អត់ចង់ជ្រលក់ទេព្រោះអាអូននឹងអត់ល្បី តែឃេីញវាខំពេក promotion អោយមួយចុះ»។
គិតត្រឹមវេលាម៉ោង៨និង៤៦នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ មិនទាន់ឃើញមានប្រតិកម្មនៅឡើយទេពីលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ឋសភានិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។
យ៉ាងណាក៍ដោយនៅលើគណនីផេករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរឆ្លើយតបទៅនឹងការលើកឡើងរបស់គណនីឈ្មោះ William Guang ដោយបញ្ជាក់យ៉ាងដូច្នេះថា«ឳលោក William Guang អើយ ពីមុនខ្ញុំធ្លាប់គិតថាលោកជាអ្នកដឹងរឿងច្រើន ហើយមានប្រយោជន៍ដល់សង្គម ប៉ុន្តែពេលនេះលោកបានបញ្ចេញចំណេះដឹងពិតរបស់លោកហើយពោលគឺលោកនៅក្មេងខ្ចីណាស់ផ្នែកសង្គម និងនយោបាយ បើគិតពីអាយុវិញលោក Guang ឯងក្មេងជាងខ្ញុំឆ្ងាយណាស់ បែរមកប្រើពាក្យព្រហើនយ៉ាងនេះ ប៉ុន្តែទោះបីជាយ៉ាងណាជូនពរលោកឲ្យមានសេរីភាពបានយូទៅចុះ ដោយហេតុថាការបញ្ចេញមតិរបស់លោកបច្ចុប្បន្ននេះប៉ះពាល់សិទ្ធិអ្នកដទៃច្រើនណាស់។ William Guang ជាមនុស្សមិនចេះ ប៉ុន្តែចង់ធ្វើជាគ្រូ។ ពេជ្រ ស្រស់ 01/10/2017»។
ជាការកត់សម្គាល់ កាលើកឡើងរបស់គណនីឈ្មោះ William Guang ដែលរំលេចអំពីដើមកំណើតរបស់គណបក្សយុវជនកម្ពុជាខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក ពេជ្រ ស្រស់ កាលពីថ្ងៃម្សិលមិញបានបង្ហើបពីគម្រោងដាក់ពាក្យប្តឹងឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ ដោយសំអាងថាមេបក្សនេះគឺលោក កឹម សុខា ជាប់ពាក់ព័ន្ឋនឹងទោសក្បត់ជាតិ ។
ដូចផែនការគ្រោងទុក នៅថ្ងៃអាទិត្យនេះ គណបក្សយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដោយសម្រេចតែម្តងគឺដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិចោល។
សេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សយុវជនកម្ពុជាបានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីអំពីសំណើរបស់ក្រុមការងារប្រតិបត្តិប្រចាំខេត្តត្បូងឃ្មុំ នៃគណបក្សយុវជនកម្ពុជា បានស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សយុវជនកម្ពុជាដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីស្នើសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិចោល។»។
ដោយឡែក ដូចការប្រកាសស្រដៀងគ្នានឹងគណបក្សយុវជនកម្ពុជាកាលពីថ្ងៃម្សិលមិញដែរ គឺនៅថ្ងៃអាទិត្យនេះគណបក្សហ្វ៊ុនស៊ិនប៉ិចដឹកនាំដោយម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៍បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើលោក កឹម សុខា និងប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលដើម្បីសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិផងដែរ ៕
ប្រភព៖ angrut.com
Comments
Post a Comment