សង្គមអប្រិយ សង្គមផ្តាច់ការ បង្កើតបញ្ហារាប់រយសែនលានដល់សង្គម ដល់ប្រជាជាតិ និងដល់ប្រជាពលរដ្ឋឲ្យជួបតែវិបត្តិ ជួបតែទុក្ខវេទនាមិនចេះមិនចប់មិនចេះហើយ រហូតប៉ុន្មានខែចុងក្រោយនេះរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុនសែន បានបន្តវាយប្រហារ បង្ក្រាបទៅលើគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជាបន្ទាប់ពីវាយប្រហារបង្ក្រាបទៅលើអង្គការអន្តរជាតិNDI និងសារព័ត៌មានឯករាជ្យជាច្រើនផ្សេងទៀតបានជោគជ័យ។
ការចាប់មេដឹកនាំមេបក្សប្រឆាំងដាក់ពន្ធនាគារដោយចោទពីបទក្បត់ជាតិ និងស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងទៀតបើរដ្ឋាភិបាលរូបនេះយល់ថាជាឆ្អឹងទទឹងករបស់ខ្លូន មិនអស់ចិត្តក៏ប្រើយុទ្ធសាស្ត្រព្រៃផ្សៃមួយទៀតគឺរៀបចំរបៀបវារៈកម្ទេចបក្សប្រឆាំងទាំងមូលតែម្តងគឺ ប្តឹងទៅតុលាការកំពូលដែលយើងដឹងថាជាតុលាការមិនេករាជ្យ តុលាការរបស់បក្ស ដើម្បីរំលាយបក្សប្រឆាំដ៏ធំនេះឲ្យរលាយបាត់ឈ្មោះចេញពីគល់បញ្ជីតែម្តង។
បើទោះជាមានការវាយប្រហារបង្ក្រាប រំលោភទៅលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រក្នុងអាណត្តិក្តី គំរាមកំហែងតាមគ្រប់រូបភាពក្តីមកលើ អ្នកតំណាងរាស្ត្របក្សប្រឆាំង យើងសង្កេតឃើញតំណាងរាស្ត្រទាំងនោះនៅតែមានស្មារតីរឹងប៉ឺង ម៉ឺងម៉ាត់ និងនៅតែគោរពឆន្ទៈរបស់ខ្លួន ក្នុងការការពារបូរភាពទឹកដី ការពារជាតិមាតុភូមិ សង្គ្រោះជាប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបខ្មៅងងឹតនាពេលបច្ចុប្បន្ន។
នៅក្នុងគណនេយ្យរបស់លោក គង់ សុភា អ្នកតំណាងមកពីគណបក្សសង្គ្រោះជាតិបានសរសេរសារជាច្រើននៅលើទំព័រហ្វេសបុករបស់ ខ្លួនដោយបង្ហាញពីភាពម៉ត់ចត់ អង់អាចក្លាហាន ខណៈពេលដែលរដ្ឋាភិបាលលោក ហ៊ុនសែន ត្រៀមរំលាយគណបក្សសង្គ្រោះជាតិ ឲ្យសម្រេចមុនការបោះឆ្នោត២០១៨ តែលោកបានប្រកាសខ្លួនថា ក្នុងនាមខ្ញុំផ្ទាល់សូមប្រកាសថាយើងខ្ញុំទាំង៥៥នាក់នៅតែជា តំណាងរាស្ត្រស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋជាងបីលាននាក់ ដែលបានបោះឆ្នោតគាំទ្រអោយពួកយើងខ្ញុំជាតំណាងរបស់ពួកគាត់ ។
ខាងក្រោមនេះជាសារទាំងស្រុងរបស់លោក គង់ សុភា
អ្នកដឹកនាំគណបក្សសង្គ្រោះជាតិប្រៀបបីដូចជាឪពុកជាម្តាយរបស់ប្រជាពលរដ្ឋខ្មែរទាំងមូលគាត់ បានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិដ៏កំសត់មួយនេះ គាត់បានការពារបូរណភាពទឹកដីគាត់សាបព្រោះលទ្ធិប្រជាធិបតេយ្យ គាត់បានជួយស្វែងរកភាពយុត្តិធម៌ដល់កូនក្មួយកម្មករចុះហេតុអ្វីបានពពួកជនផ្តាច់ការធ្វើច្បាប់ចោទ និងចាប់ដោយយកលេសថាជាជនក្បត់ជាតិទៅវិញ ?
តើបងប្អូនប្រជាពលរដ្ឋទាំងអស់ចង់រំលាយគណបក្សកាន់អំណាច(CPP)ទេ? បើចង់យើងមិនប្តឹងរំលាយគាត់ទៅតុលាកាកំពូលដែលជាអំពើថោកទាបដូចគេទេ គឺយើងប្តឹងរំលាយគាត់តាមរយ:ការបោះឆ្នោតដោយសេរីត្រឹមត្រូវនិង យុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនបន្តភាពអត់ធ្មត់រង់ចាំឱកាសនោះមកដល់យើងនិងធ្វើការផ្លាស់ប្តូរដោយវិជ្ជមាន ។
ទោះបីជនផ្តាច់ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិហើយធ្វើវិសោធនកម្មច្បាប់ចំនួនបួន ដើម្បីបែកចែងអាសន:ទៅអោយគណបក្សដែល ជា បាវបំរើដាច់ថ្លៃនោះក៏ដោយ ក្នុងនាមខ្ញុំផ្ទាល់សូមប្រកាសថាយើងខ្ញុំទាំង៥៥នាក់នៅតែជា តំណាងរាស្ត្រស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋជាងបីលាននាក់ ដែលបានបោះឆ្នោតគាំទ្រអោយពួកយើងខ្ញុំជាតំណាងរបស់ពួកគាត់ ៕
ប្រភព៖ hrkhnews.com
Comments
Post a Comment