សៀមរាបៈ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាបត្រូវបានដោះលែងដោយមិនមានការចោទប្រកាន់កាលពីសប្តាហ៍មុន បន្ទាប់ពីបានបើកឡានក្នុងភាពស្រវឹងទៅបុកនឹងម៉ូតូមួយគ្រឿង និងបណ្តាលឲ្យអ្នកបើកបរស្លាប់ ហើយព្យាយាមរត់គេចពីកន្លែងកើតហេតុ។
បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីព្រះរាជអាជ្ញារងលោក សំរិទ្ធ សុខុន បានបើករថយន្តម៉ាកឡិចស៊ីសទៅបុកចំម៉ូតូមួយគ្រឿងនៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍។
លោក ជឹម សុវណ្ណ ប្រធាននគរបាលចរាចរណ៍ក្រុងសៀមរាបបានបញ្ជាក់អំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា រថយន្តរបស់លោក សុខុន បានអូសម៉ូតូ និងអ្នកបើកម៉ូតូជិត ១០០០ ម៉ែត្រ ខណៈកំពុងព្យាយាមរត់គេចពីកន្លែងកើតហេតុ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាលោក សុខុន ត្រូវបានបញ្ឈប់ដោយអ្នកមើលឃើញហេតុការណ៍នោះដែលបានចាប់ផ្តើមវាយគាត់រហូតដល់នគរបាលទៅដល់។
លោក សុវណ្ណ ក៏បានបញ្ជាក់ផងដែរចំពោះការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលថាលោក សុខុន ស្រវឹងស្រា។
ទោះយ៉ាងណាក្តីលោក សុខុន ត្រូវបានដោះលែងដោយសារហេតុផលថា លោកបានសារភាព និងរងឥទ្ធិពលទៅលើតំណែងរបស់លោក។
លោក សុវណ្ណ បានបញ្ជាក់ថា៖ «បន្ទាប់ពីគាត់បានបើកបុកម៉ូតូ យើងបានចាប់គាត់ ហើយបានដោះលែងគាត់វិញ ដោយសារមានការយោគយល់។ ដោយសារយើងស្គាល់គាត់ច្បាស់ គាត់ធ្វើការនៅស្ថាប័នអយ្យការ ហើយគាត់បានសងសំណងទៅជនរងគ្រោះរួចហើយ»។
ស្នងការនគរបាលក្រុងសៀមរាបលោក ទិត្យ ណារ៉ុង មិនប្រាប់ពិស្ដារពីរឿងនេះទេដោយគ្រាន់តែថាសំណុំរឿងនេះត្រូវបានបញ្ចប់រួចហើយ។
នៅមុនពេលឆ្លើយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលោកបានថ្លែងថា៖ «ករណីគ្រោះថ្នាក់ចរាចរណ៍របស់ព្រះរាជអាជ្ញា [រង] ត្រូវបានដោះស្រាយរួចហើយ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃបណ្តាញគណនេយ្យភាពសង្គមប្រចាំកម្ពុជាបានថ្លែងកាលពីម្សិលមិញថាលោកឃើញករណីប្រភេទនេះជាច្រើនលើករួចមកហើយ។
លោកបានថ្លែងតាមអ៊ីមែលថា៖ «វាមិនមែនជាប្រភេទថ្មីនៃនិទ្ទណ្ឌភាពនោះទេ»៕ PS (ប្រភពពត័មានទាំងស្រុងមកពីភ្នំពេញប៉ុស្តិ៍)
Comments
Post a Comment