តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ព្រមានកម្ពុជាជាចុងក្រោយ ថានឹងបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ និងបញ្ឈប់ការលើកលែងពន្ធលើការនាំចេញផលិតផលផ្សេងៗទៀត ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ប្រសិនរដ្ឋាភិបាលលោក ហ៊ុន សែន មិនលុបចោលការម្លាយគណបក្សប្រឆាំង និងដោះលែងលោក កឹម សុខា ជាបន្ទាន់នោះទេ។
អនុប្រធានសហភាពអឺរ៉ុបអ្នកស្រី ហ្វេឌើរីកា ម៉ូហ្គែរីនី (Federica Mogherini) ប្រាប់ទៅរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈលោករដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន ឲ្យប្រញាប់ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង លុបចោលការសម្រេចរម្លាយគណបក្សសង្គ្រោះជាតិ ជាបន្ទាន់ បើមិនដូច្នេះទេ សហភាពអឺរ៉ុប នឹងអនុវត្តទៅតាមសេចក្ដីថ្លែងការណ៍ព្រមានជាច្រើនសារបស់ខ្លួនអំពីការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញទំនិញពីកម្ពុជា រួមទាំងទាំងសំលៀកបំពាក់ និងស្បែកជើងផងដែរ។
សារព្រមានធ្ងន់ៗ ដែលនឹងអាចប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ដែលមានកម្មករជិតមួយលាននាក់នេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងណៃពីដោ ប្រទេសភូមា ឬ មីយ៉ាន់ម៉ា។
អ្នកស្រី ហ្វេឌើរីកា ម៉ូហ្គែរីនី ដែលជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ដែលមានប្រទេសជាសភាជិកចំនួន ២៨ ប្រទេសនៅសហគមន៍អឺរ៉ុបនេះ បានសង្កត់ធ្ងន់ និងរម្លឹករដ្ឋាភិបាលលោក ហ៊ុន សែន សាជាថ្មីម្ដងទៀត ថាការអនុគ្រោះពន្ធ និងជំនួយផ្សេងៗរបស់សហភាពអឺរ៉ុប គឺធ្វើឡើងក្រោមលក្ខខណ្ឌនៃការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន។ ប៉ុន្តែ អ្នកស្រីលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលធ្វើទុក្ខបុកម្នេញ មកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងពេលថ្មីៗនេះ គឺជាការធ្វើដំណើរប្រាសចាកឆ្ងាយពីការគោរពសិទ្ធិមនុស្ស និងការគោរពលទ្ធិប្រជាធិបតេយ្យ ដែលជាលក្ខខណ្ឌតម្រូវមុននឹងបានទទួលការអនុគ្រោះពន្ធបែបនេះ។
សារព្រមានផ្ដាច់ការអនុគ្រោះពន្ធភ្លាមៗនេះ ធ្វើឡើងតែមួយថ្ងៃក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារឌឺដងឲ្យសហរដ្ឋអាមេរិក ផ្ដាច់ជំនួយទាំងអស់មកកម្ពុជា និងផ្គើនដាក់សហគមន៍អឺរ៉ុប ឲ្យកាត់ផ្ដាច់ជំនួយអនុគ្រោះពន្ធផ្នែកវិស័យកាត់ដេរ៖ «ហើយខ្ញុំស្វាគមន៍ណាស់! ស្វាគមន៍អាមេរិកកាត់ជំនួយ។ យកល្អអំពាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្តងទៅ។ បើកាត់ទៅនឹងងាប់អង្គការ NGOs ក្នុងស្រុកទាំងអស់! ទៅសម្លាប់កូនរបស់អ្នកឯងទាំងអស់តែម្តងទៅ! ស្អីឡើងកាត់ៗ កាត់ កាត់ទៅ កាត់តែម្តងទៅ ចាំបាច់និយាយច្រើនម្ល៉េះ? អ្នកខ្លះគំរាមគេថាបិទផ្សារ។ អ្នកឯងបិទលមើល អ្នកឯងបិទ ក៏អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខវិស័យឯកជនរបស់អ្នកឯង ដែលបានចុះកុងត្រាទិញរួចហើយ។ អ្នកឯងបិទជានយោបាយ ប៉ុន្តែអនុវត្តមិនបានទេ»។
អ្នកវិភាគផ្នែកសេដ្ឋកិច្ច និងសង្គម សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ នៃការកាត់ផ្តាច់ជំនួយ ពីប្រទេសមហាអំណាច។ ផលប៉ះពាល់ធំជាងគេគឺមិនមែនលើអង្គការក្រៅរដ្ឋាភិបាលនោះទេ គឺប៉ះពាល់លើកម្មករវិស័យកាត់ដេរ ដែលមានជិតមួយលាននាក់ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចជាតិទាំងមូល ដោយសារប្រទេសកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ផ្នែកវិស័យកាត់ដេរ ដែលមានអំណោយផល ដោយសារការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនេះឯង។
អ្នកនយោបាយជើងចាស់លោកព្រឹទ្ធាចារ្យ លឺ ឡាយ ស្រេង ក៏មើលឃើញនូវផលប៉ះពាល់យ៉ាងដំណំទៅលើប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ឯណោះ ប្រសិនបើប្រទេសមហាអំណាចសេដ្ឋកិច្ច ផ្តាច់ជំនួយសេដ្ឋកិច្ច ឬបញ្ឈប់ការអនុគ្រោះពន្ធនេះ «ខ្មែររាប់លាននាក់ អ្នកធ្វើការទាំងអស់ រាប់មួយលានប្លាយនាក់ អ្នកលក់ដូរ និងអ្នកផ្សេងផង ឲ្យពួកគាត់ទៅធ្វើស្រែឬយ៉ាងម៉េច? តើពួកគាត់អាចទៅស្ទូងស្រូវវិញកើតទេ?»។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មួយភាគធំគឺបានមកពីការនាំចេញទំនិញ ជាពិសេសសម្លៀកបំពាក់ទៅទីផ្សារអឺរ៉ុប។ តាមរបាយការណ៍របស់គណៈកម្មការអឺរ៉ុប ប្រទេសកម្ពុជា នាំចេញផលិតផលទៅសហគមន៍អឺរ៉ុប នៅឆ្នាំ២០១៦ គិតជាទឹកប្រាក់ ៤.៥៥៥លានដុល្លារ៕
ដោយអាស៊ីសេរី លោក មួង ណារ៉េត
Comments
Post a Comment