ភ្នំពេញ ៖ លោក ហេង ពៅ អាយុ៦០ឆ្នាំ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ២០១៧នេះ បានសារភាពនៅក្នុងសវនាការតុលាការកំពូលថា ខ្លួនពិតជាបានសមគំនិតប៉ុនប៉ងធ្វើឃាតលើលោកឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព នៅវត្តទឹកថ្លាកាលអំឡុងឆ្នាំ ១៩៩៨ នោះមែន ហើយថា អ្នកបាញ់ពិតប្រាកដនោះ គឺជាអង្គរក្ស លោក ហុង ឡង់ឌី នេះបើតាមកាសែត ភ្នំពេញប៉ុស្តិ៍ ។
តាមសារណារបស់លោក ហេង ពៅ ដែលដាក់ទៅតុលាការកំពូល បានបញ្ជាក់ថា នៅអំឡុងឆ្នាំនោះ គាត់បានទៅផ្ទះលោក ហុក ឡង់ឌី ហើយបានឃើញឈ្មោះ សេង គ្រឿង ជាជនជាតិវៀតណាម ចេះខ្មែរច្បាស់ ជាអង្គរក្សលោក ហុក ឡង់ឌី ត្រូវរបួសស្មាឆ្វេង និងចង្កេះ ហើយជននោះប្រាប់គាត់ថា ឈ្លោះគ្នាត្រូវមិត្តភក្តិចាក់ ។ គាប់ជួនថ្ងៃនោះមានមន្ត្រីប្រឆាំងគ្រឿងញៀនម្នាក់ឈ្មោះ ហេង វ៉េង ត្រូវក្មួយលោក ហេង ពៅ រាលកៃកាំភ្លើងត្រូវរបួសបាក់កែងដៃហើយត្រូវបញ្ជូនទៅព្យាបាលនៅវៀតណាម ។
លោក ហេង ពៅ ប្រាប់ចៅក្រមក្នុងបន្ទប់សវនាការពីម្សិលមិញថា ៖ «រឿងនេះខ្ញុំបានចង្អុលបង្ហាញច្បាស់ហើយពីឃាតករពិតត្រូវរបួសចង្កេះ និងស្មាឆ្វេងមិនមែនត្រូវរបួសកែងដៃទេ តែតុលាការបែរជាចោទថាឃាតករត្រូវកែងដៃតាមរបាយការណ៍អ្នកកសាងសំណុំរឿង…ខ្ញុំមិនដឹងថា ម៉េចទេ ស្រេចតែតុលាការកាត់សេចក្តីទៅចុះ។ តុលាការចោទខ្ញុំថាសមគំនិតខ្ញុំព្រមទទួល ព្រោះខ្ញុំដឹង តែខ្ញុំមិនបានរាយការណ៍ តែកុំដាក់ទោស លី រ៉ាស៊ី និង លោក ផេង ផៃ អី»។
ការសារភាពរបស់ជនជាប់ចោទហេង ពៅ នេះបានថ្លែងប្រាប់តុលាការថា ៖ «សូមតុលាការសម្រេចផ្តន្ទាទោស ខ្ញុំពីបទសមគំនិតប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន ។ ប៉ុន្តែតុលាការ សូមពិចារណាចំពោះអ្នកដែលមិនបានដឹងរឿង និងដោះលាងពួកគេអោយទៅរស់នៅជាមួយក្រុមគ្រួសារវិញផង» ។
លោក លី រ៉ាស៊ី និងលោក ផេង ផៃ ប្រាប់ចៅក្រមថា នៅថ្ងៃនោះពួកគេនៅផ្សារអូឡាំពិកទេ ហើយនៅជាមួយប្អូនថ្លៃលោក ថុង អ៊ុយប៉ាង ទៀត ប៉ុន្តែត្រូវបានចោទថាពាក់ព័ន្ធការបាញ់ប្រហារនេះដែរ ។
លោក ឡោ គីមហ្គេច មេធាវីការពារសិទ្ធិឲ្យ លី រ៉ាស៊ី និងលោក នូ ចន្ថា មេធាវីការពារសិទ្ធិឲ្យលោក ហេង ពៅ សន្និដ្ឋានថា ៖ «ឃាតករត្រូវរបួសត្រង់ចង្កេះ និងស្មាខាងឆ្វេង តែឈ្មោះ ហេង វ៉េង ត្រូវរបួសកែងដៃហើយមានរូបថតបញ្ជាក់ទៀត ។ តុលាការចោទថា សមគំនិតលុះណាកូនក្តីខ្ញុំផ្តល់កាំភ្លើង ឬមធ្យោបាយធ្វើសកម្មភាពតែនេះគ្មានអ្វីបញ្ជាក់ទេ ឯភ័ស្តុតាងមិនស៊ីចង្វាក់គ្នាទៀត ។ ដូច្នេះសូមតុលាការពិចារណាលើមាត្រា៤៤០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ (តុលាការកំពូលសម្រេចដោយគ្មានបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍វិញ) ។
ចំណែកឯលោក ពុទ្ធ ធាវី មេធាវីការពារក្តីឲ្យលោក ថុង អ៊ុយប៉ាង សន្និដ្ឋានថា រឿងនេះតុលាការថ្នាក់ក្រោមកាត់សេចក្តីត្រឹមត្រូវហើយ ប៉ុន្តែតុលាការកំពូលពិចារណាដាក់ទោសលើអ្នកណាដែលប្រព្រឹត្ត ។
សូមបញ្ជាក់ថា លោកស្រី គឹម សុត្ថាវី ប្រធានចៅក្រមជំនុំជម្រះតុលាការកំពូល បានលើកយកសំណុំរឿងព្រហ្មទណ្ឌករណីបទឃាតកម្មគិតទុកជាមុន ដែលមានជនជាប់ចោទឈ្មោះ ហេង ពៅ, ឈ្មោះហេង វេង, ឈ្មោះ លី រ៉ាស៊ី និង ឈ្មោះ ផេង ផៃ ។ ក្នុងចំណោមជនជាប់ចោទចំនួន៤នាក់ មានជនជាប់ចោទ២នាក់ គឺលោកលី រ៉ាស៊ី និងលោក ផេង ផៃ បានបដិសេធថា បានប្រព្រឹត្ត ។ ជនជាប់ចោទក្នុងរឿងក្ដីនេះមានបួននាក់ គឺលោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក លី រ៉ាស៊ី អតីតអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង លោក ផេង ផៃ អតីតប្រធានការិយាល័យជនបរទេសនៃស្នងការក្រុងភ្នំពេញ ។ ចំណែកជនជាប់ចោទឈ្មោះហេង វេង អវត្តមាន (រត់គេចខ្លួន) ។
តាមអង្គហេតុបង្ហាញថា នៅថ្ងៃ០៨ មិថុនា ១៩៩៨ លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព ត្រូវជនល្មើសប្រដាប់អាវុធ២នាក់ បាញ់ត្រូវចំ២គ្រាប់រងរបួស នៅក្នុងពិធីបុណ្យមួយ នៅវត្តទឹកថ្លាក្នុងសង្កាត់ទឹកថ្លា តែត្រូវអង្គរក្សលោកបាញ់តបវិញ ធ្វើឲ្យត្រូវជនល្មើសមួយគ្រាប់របួសដៃឆ្វេង ។
ប៉ុន្តែក្រោយពីលោក ហេង ពៅ ធ្លាក់ពីអំណាច សំណុំរឿងនេះត្រូវបានស្រាវជ្រាវហើយក៏ឃាត់ខ្លួនឈ្មោះ ផេង ផៃ,ហេង វ៉េង,លី រ៉ាស៊ី និង ហេង ពៅ ទៅ ។
សូមរម្លឹកថា សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីថ្ងៃ ១០ មេសា ឆ្នាំ ២០០៩ ដាក់គុកឈ្មោះ ផេង ផៃ,ហេង វ៉េង,លី រ៉ាស៊ី ម្នាក់ៗ ១៨ ឆ្នាំចោទពីបទ «ប៉ុនប៉ងឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ១៩៩-២០៣ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យរួមគ្នាសងទៅលោក ថុង អ៊ុយប៉ាង ១៧ ម៉ឺនដុល្លារនិងលោក យឹម ឈឿន (ជាអង្គរក្ស) ចំនួន៥ម៉ឺនដុល្លារអាមេរិក ។
ប៉ុន្តែត្រូវជនជាប់ចោទប្តឹងឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍តម្កល់សាលក្រមនៅដដែលកាលថ្ងៃ ៧ មេសា ឆ្នាំ ២០១៤ លើកលែងតែឈ្មោះ លី រ៉ាស៊ី និង ផេង ផៃ ប្ដូរពីបទឃាតកម្មគិតទុកជាមុនមកបទ «សមគំនិតប៉ុនប៉ងឃាតកម្ម» ត្រូវកែប្រែទោសពី ១៨ ឆ្នាំមកនៅ ១៦ ឆ្នាំម្នាក់វិញ ។
ក្រោយបញ្ចប់សវនាការ នៅថ្ងៃទី២៩ ខែវិច្ឆិកា តុលាការកំពូលសម្រេចថា សាលដីកាសំណុំរឿងលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ និង កូនចៅ ពាក់ព័ន្ធបទល្មើស ប៉ុនប៉ងបាញ់សម្លាប់ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព នឹងត្រូវប្រកាសនៅថ្ងៃទី០៦ ខែធ្នូ ខាងមុខនេះ ៕
ប្រភព៖ angrut.com
Comments
Post a Comment