នៅចំពេលថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាថា មិនចាប់អារម្មណ៍នឹងទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក ហើយផ្គើនអោយបន្ថែមទណ្ឌកម្មទៀតនោះ សហគមន៍អឺរ៉ុបឯណេះវិញក៏ចាប់ផ្ដើមបង្កើតគម្រោងការណ៍ដាក់ទណ្ឌកម្មធ្ងន់ៗមកលើកម្ពុជា បន្ទាប់ពីពួកគេបានសម្រេចព្យួរជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ។
សភាអឺរ៉ុប កាលពីថ្ងៃទី១៣ ធ្នូ ម្សិលមិញនេះ បានសម្រេចអនុម័តសេចក្ដីសម្រេចថ្មីមួយ ដោយសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះស្ថានភាពដុនដាបធ្ងន់ធ្ងរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមទាំងការចាប់ខ្លួន និងការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ការរំលាយគណបក្សសង្រ្គោះជាតិ ការបង្រ្កាបមកលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សេចក្ដីសម្រេចថ្មីមួយរបស់សភាអឺរ៉ុបនេះ បានស្នើអោយមានការព្យួរប្រព័ន្ធអនុគ្រោះ និងការដាក់បម្រាមលើទិដ្ឋកា និងបង្កកទ្រព្យសម្បត្រិចំពោះបុគ្គលទាំងឡាយណាដែលបានជាប់ពាក់ព័ន្ធនឹងការរំលាយសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។
សេចក្តីសម្រេចនេះ សង្កត់ធ្ងន់ ដោយស្វាគមន៍ការសម្រេចព្យួរជំនួយរបស់សហគមន៍អឺរុបដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ។ គោរពសិទ្ធិពលរដ្ឋកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស និងសិទ្ធិរបស់តំណាងជាប់ឆ្នោត ហើយនិងធានាពហុនិយម និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
សភាអឺរ៉ុបក៏បានរំលឹករដ្ឋាភិបាលនៃប្រទេសកម្ពុជាថា ឱ្យគោរព និងអនុវត្តកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ខ្លួនទាក់ទិននឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាគ្រឹះ ដែលជាធាតុផ្សំយ៉ាងសំខាន់សម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសហគមន៍អឹរ៉ុប។
ជាងនេះទៀត សេចក្ដីសម្រេចនេះ ក៏បានបញ្ជាក់ពីការដាក់លក្ខណ្ឌជាចាំបាច់ឲ្យមានការគោរពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌសម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះ (EBA)។ សភាអឺរ៉ុបថា បើសិនរដ្ឋាភិបាលកម្ពុជាកំពុងរំលោភកាតព្វកិច្ចរបស់ខ្លួននៅក្នុងប្បញ្ញត្តិ EBA ការអនុគ្រោះពន្ធនាំចូលទីផ្សារអឺរ៉ុប ត្រូវតែព្យួរជាបណ្តោះអាសន្ន។
ក្រៅពីនេះទៀត សភាអឺរ៉ុបក៏បានស្នើ European External Action (EEAS) និងគណៈកម្មការអឺរ៉ុប រៀបចំបញ្ជីឈ្មោះបុគ្គលដែលទទួលខុសត្រូវក្នុងការរំលាយគណបក្សសង្រ្គោះជាតិ ដើម្បីដាក់បម្រាបលើទិដ្ឋាកា និងបង្កទ្រព្យសម្បត្តិរបស់ពួកគេ៕
ប្រភព៖ news-for-khmer.com
Comments
Post a Comment